facebook
facebook

បក្សប្រឆាំង ប្រកាសទាត់ចោលសម្តីលោកស្រីមួរ សុខហួរ ថាមិនចូលរួមការបោះឆ្នោត

​ សំដារ៉ូ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | នយោបាយ | 107 | 0 | ម៉ោង 2:55 am លោកសុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតនៅមុខទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ជាអនុប្រធានគណៈកម្មការទី២ នៃ រដ្ឋសភា និងជាអភិបាលនៃក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ លោកសុន ឆ័យ បានប្រកាសទាត់ចោលសម្តីលោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដែលបានថ្លែងថា បើមិនមានការដោះលែងលោកកឹម សុខា ប្រធានគណបក្សដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងទេនោះ គណបក្សប្រឆាំងនេះ នឹងមិនចូល រួមការបោះឆ្នោត។

ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជា នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានវត្តមាន លោកស្រីមួរ សុខហួរ និងតំណាងរាស្ត្រមួយ ចំនួនទៀតចូលរួមដែរ លោកសុន ឆ័យ បាន បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងចូលរួមបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ ព្រោះគណបក្សសង្គ្រោះជាតិ មានទិសដៅតែមួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ២០១៨ ដែលនេះជាបំណងប្រាថ្នារបស់គណបក្សសង្គ្រោះជាតិ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចថា គណបក្សនៅតែបន្ត ការងាររបស់គណបក្សជាធម្មតា។

ក្នុងចំណុចនេះ លោកសុន ឆ័យ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ មានសមាជិក ច្រើន មានអ្នកដឹកនាំច្រើនគ្នា ក៏ប៉ុន្តែគណៈកម្មាធិការអចិន្ត្រៃយ៍ គឺជាក្បាលម៉ាស៊ីនដឹកនាំ គណបក្ស។ ដូច្នេះការមានមតិជាឯកជន ជាបុគ្គល ដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ មិនមែនជាការសម្រេច របស់គណៈកម្មាធិការនាយក មិនមែនជាការសម្រេចរបស់សមាជនោះ គឺមិនមែនជាសម្តី ឬជំហររបស់គណបក្សសង្គ្រោះជាតិទេ។

លោកសុន ឆ័យ បានប្រសាសន៍ថា “សូមជម្រាបដែរថា កាលពីថ្ងៃទី០៩ ខែកញ្ញា ប៉ុន្មាន ថ្ងៃមុននេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានធ្វើការប្រជុំគ្នា ដើម្បី សម្រេចថា តើគណបក្សសង្គ្រោះជាតិ ត្រូវធ្វើ អ្វីទៀត? យើងបានសម្រេចទៅតាមអ្វីដែលគណបក្សសង្គ្រោះជាតិ បានសម្រេចរួចមកហើយ តាមរយៈសមាជរបស់ខ្លួនក្តី តាមរយៈការអនុវត្ត ជាក់ស្តែងរបស់គណបក្សក្តីថា យើងជាគណបក្ស ដែលបន្តការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែល តស៊ូតាមរយៈគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ហើយគណបក្សសង្គ្រោះជាតិ មានទិសដៅតែមួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត ឆ្នាំ២០១៨។ នេះជាបំណងប្រាថ្នារបស់គណបក្ស ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចថា យើងនឹងបន្តការងារយើងជាធម្មតា ការងារ ដែលគណបក្សបានរៀបចំ ហើយក្នុងការឱ្យតំណាងពីខេត្ត ប្រតិបត្តិខេត្ត ក្រុមការងារខេត្ត បន្តធ្វើក្នុងការរៀបចំខ្លួនឱ្យបានរួចរាល់ ឆ្ពោះទៅរកការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ នេះ។ ហើយអស់លោកអាចសួរថា បើស្ថានភាពអ៊ីចឹង តើគណបក្សសង្គ្រោះជាតិ នៅតែបោះឆ្នោត ឬយ៉ាងម៉េច? សូមបញ្ជាក់ដែរថា នេះគោលការណ៍របស់យើងៗមិនអាចកែប្រែបានទេ យើងចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត។ ដូច្នេះគណបក្សសង្គ្រោះជាតិ មិនរារែកទេ មិនគេចកែអំពីគំនិតនៃការ សម្រេចចិត្តរបស់យើង ឆ្ពោះទៅរកការបោះឆ្នោតទេ ប៉ុន្តែសង្ឃឹមថា ពីពេលនេះទៅ រហូត ដល់ការបោះឆ្នោត បើមានសហគមន៍អន្តរជាតិផង បើមានប្រជាពលរដ្ឋយើងផង ខិតខំសម្តែង មតិតវ៉ា និងជំរុញឱ្យស្ថានភាពនៅក្នុងប្រទេស កម្ពុជាយើងហ្នឹង ត្រឡប់ទៅរកភាពត្រឹមត្រូវ ដែលអាចទទួលយកបាន ក្នុងស្ថានភាពមួយ ដែលការបោះឆ្នោតហ្នឹង អាចមានភាពស្មើគ្នា មានភាពយុត្តិធម៌ ត្រឹមត្រូវ នៅឆ្នាំ២០១៨ ។ ដូច្នេះយើងនៅមានពេល ដើម្បីឱ្យបរិយាកាស នៅក្នងប្រទេសយើងហ្នឹង ត្រឡប់ទៅរកភាព ប្រសើរឡើងវិញ ដែលពេលនោះ ការបោះឆ្នោត ខែកក្កដា ជាការបោះឆ្នោតមួយ ដែលអាចទទួល យកបានទាំងអស់គ្នា និងទទួលស្គាល់ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិ”។

លោកសុន ឆ័យ បានមានប្រសាសន៍បន្តថា “គណបក្សសង្គ្រោះជាតិ មានសមាជិកច្រើន មានអ្នកដឹកនាំច្រើនគ្នា ក៏ប៉ុន្តែគណៈកម្មាធិការ អចិន្ត្រៃយ៍ គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស ការមានមតិជាឯកជន ជាបុគ្គល ដែលមិនមែន ជាការសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍ មិនមែនជាការសម្រេចរបស់គណៈកម្មាធិការនាយក មិនមែនជាការសម្រេចរបស់សមាជ របស់គណបក្សទេ មិនមែនជាសម្តីរបស់គណបក្សសង្គ្រោះជាតិ ទេ។ ថ្ងៃនេះ យើងសុំបញ្ជាក់ ឱ្យហើយ យើងមិនអាចទទួលយកនូវសម្តីជា ឯកជនណាមួយ ដែលមិនមែនជាការសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍ មិនមែនជា ការសម្រេចរបស់គណៈកម្មាធិការនាយក មិនមែនកើតចេញពីការសម្រេចរបស់សមាជគណបក្សថា ជាសម្តី ជាទង្វើរបស់គណបក្សសង្គ្រោះ ជាតិ បានទេ។ ដូច្នេះជាមូលដ្ឋាន ដែលសម្រាប់ ផ្លូវការផ្លូវច្បាប់ និងជាមូលដ្ឋាន ជាសំឡេង ជាទង្វើរបស់គណបក្សសង្គ្រោះជាតិ ត្រូវចេញពីមូលដ្ឋានទាំងបីទេ”។

លោកសុន ឆ័យ បានបន្តទៀតថា “សុំបញ្ជាក់ដែរថា ការយកសម្តីសមាជិកណាមួយ ដែលត្រូវតែស្រង់ យកសម្តីមួយឃ្លាទាំងអស់ មិនអីទេ ហើយខ្ញុំក៏បានបញ្ជាក់ដែរថា សម្តីនៃសមាជិករបស់គណបក្សសង្គ្រោះជាតិ មិនមែន ជាសម្តីរបស់គណបក្សទេ លើកលែងតែមាន ការសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍ សេចក្តីសម្រេចរបស់គណៈកម្មាធិការនាយក និងជាសេចក្តីសម្រេចរបស់សមាជរបស់គណបក្សសង្គ្រោះជាតិ។ ដូច្នេះសូមឱ្យពិនិត្យលើការ បញ្ចោញមតិ នៃសមាជិកថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ នីមួយៗ នូវពាក្យពេចន៍ទាំងស្រុង នូវស្ថានភាពដែលប្រឈមក្នុងកាលៈទេសៈ មួយ ចៀសវាងការប្រើប្រាស់មួយផ្នែក នៃសម្តី ដើម្បីប្រកាសថា ជាការប្រកាសជំហរដែលធ្វើចេញ ពីគោលការណ៍ របស់គណបក្សសង្គ្រោះជាតិ។ ដូច្នេះសុំបញ្ជាក់ឡើងវិញ គណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ឆ្នាំ២០១៨។ បើទោះបីជាយើងប្រឈមការ លំបាកដ៏ច្រើនមហិមា គណបក្សសង្គ្រោះជាតិ ធ្លាប់មានពិសោធន៍ហើយៗយើងជឿជាក់ថា ប្រជាពលរដ្ឋនឹងផ្តល់យុត្តិធម៌ឱ្យយើង និងបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ តាមរយៈការ ផ្តល់យុត្តិធម៌ឱ្យយើងខ្ញុំដែលជាសមាជិក សមាជិការបស់គណបក្ស ដែលបន្តជំរុញការអនុវត្ត គោលនយោបាយ ក្នុងការធានានូវសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ក្នុងការធានាទៅដល់យុត្តិធម៌សង្គម ក្នុងការធានាទៅដល់ឯកភាពជាតិ ក្នុងការធានាទៅដល់ភាពសុខសាន្តរបស់ប្រទេស ជាតិយើងទាំងមូល។ ដូច្នេះជម្រើសតែមួយ គត់ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត នៅពេលខាងមុខ។ ចំពោះសភាពការណ៍នេះ ដូច ខ្ញុំបានបញ្ជាក់ ខ្ញុំមិនបញ្ជាក់ នឹងមិននៅក្នុង ស្ថានភាពបែបនេះដដែលទេ វាត្រូវតែមានការ កែលម្អឱ្យយ៉ាងឆាប់ជាទីបំផុត។ ដូច្នេះដរាប ណាយើងសង្ឃឹមថា សភាពការណ៍នឹងប្រែប្រួល ហើយមុនទៅដល់ការបោះឆ្នោត២០១៨ ខែ កក្កដា សភាពការណ៍នឹងប្រសើរឡើង ដើម្បីធានានូវភាពសេរី ត្រឹមត្រូវ ព្រោះគណបក្ស សង្គ្រោះជាតិ បានរៀបចំខ្លួនរួចជាស្រេច ដើម្បី ទៅប្រកួតប្រជែងក្នុងស្ថានភាព ដែលយើងសង្ឃឹមថា នឹងកើតមាននៅមុនការបោះឆ្នោត ខែកក្កដា ២០១៨ នេះ”។

លោកស្រីមួរ សុខហួរ ពេលថ្លែងនៅមុខពន្ធនាគារត្រពាំងផ្លុង

គួរបញ្ជាក់ដែរថា ការប្រកាសរបស់លោក សុន ឆ័យ បានធ្វើឡើងបន្ទាប់ពីលោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានប្រកាសនៅមុខពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ថា គណបក្ស សង្គ្រោះជាតិ នឹងមិនចូលរួមបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាង មុខនេះទេ បើសិនជាមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឱ្យមានសេរីភាពឡើងវិញ។

លោកស្រីមួរ សុខហួរ បានមានប្រសាសន៍ នៅពេលនោះថា “លោកប្រធានកឹម សុខា ជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិ គ្រប់គ្រាន់ យើងទទួលមិនបានទេ អ្វីដែលហួសពីច្បាប់។ ទី២ យើងនៅតែនិយាយហើយ និយាយទៀត ជំហររបស់គណបក្សសង្គ្រោះជាតិ គឺលោកប្រធានកឹម សុខា ជាប្រធាននៃគណបក្សសង្គ្រោះជាតិ នៅពេលនេះ ហើយនៅ អនាគតទៀត។ ទី៣ យើងសូមឱ្យមានការ ដោះលែងលោកប្រធានកឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ទី៤ យើងបានធ្វើការ កត់សម្គាល់ដោយយកចិត្តទុកដាក់បំផុតនូវសេចក្តីថ្លែងការណ៍ទាំងឡាយ នៃអង្គការសហប្រជាជាតិ នៃសហគមន៍អឺរ៉ុប នៃសហរដ្ឋអាមេរិក នៃប្រទេសកាណាដា ប្រទេសអូស្ត្រាលី ប្រទេស ជប៉ុន ប្រទេសប្រជាធិបតេយ្យដទៃទៀត ដែល គេមានជំហរដូចយើងដែរថា ការចាប់ខ្លួន ការ ឃាត់ខ្លួន ការចោទប្រកាន់លោកប្រធានកឹម សុខា ជាការដែលធ្វើខុសនឹងច្បាប់ ហើយនិង ខុសធំបំផុត គឺលោកប្រធានកឹម សុខា ជាអ្នក តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិគ្រប់គ្រាន់។ យើងនៅតែទាមទារទទូច ឱ្យសហគមន៍អន្តរជាតិ ដែលជាម្ចាស់ជំនួយ ទទួលបន្ទុករបស់ខ្លួន កាតព្វកិច្ចរបស់ខ្លួន ក្នុងតួនាទីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនិយាយអំពីការលើកស្ទួយ ការពារសិទ្ធិមនុស្ស ការពារលទ្ធិប្រជាធិបតេយ្យ និងការរៀបចំឱ្យមានការបោះឆ្នោត មួយដ៏ត្រឹមត្រូវ សេរី និងយុត្តិធម៌។ ក្នុងនាម យើងជាអ្នកតំណាងរាស្ត្រ ជាព្រឹទ្ធសភា យើង នៅបន្តកាតព្វកិច្ចតួនាទីរបស់យើង គឺការតាមដាន ការបញ្ចោញមតិ ការតស៊ូមតិនៅគ្រប់រូបភាពដោយអហិង្សា។ យើងថ្កោលទោសនរណា ក៏ដោយ រំលោភនឹងច្បាប់ បំពានច្បាប់រដ្ឋធម្មនុញ្ញ ហើយប្រើហិង្សា យើងអត់ត្រូវការហិង្សា តែផ្ទុយទៅវិញ យើងត្រូវការឱ្យខ្មែរដូចគ្នា រកដំណោះស្រាយជូនប្រទេសជាតិយើង។ យើង ត្រូវការផ្សះផ្សាជាតិ ដើម្បីឈានទៅមុខទៅទៀត គឺយើងត្រូវការនៅក្នុងការបោះឆ្នោត មួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយ ប្រសិនជាលោកប្រធានកឹម សុខា ដែលជាប្រធាន  នៃគណបក្សសង្គ្រោះជាតិ មិនមានការដោះលែង មិនមកចូលរួម នៅក្នុងការបោះឆ្នោតខាងមុខ  និងកត្តាដទៃទៀត លក្ខខណ្ឌដទៃទៀត ដើម្បី ឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ទេ យើងមិនអាចចូលរួមនៅក្នុងការបោះឆ្នោតមួយដែលមិនសេរី មិនយុត្តិធម៌ ពីព្រោះយើងធ្វើខុស នឹងឆន្ទៈនៃប្រជារាស្ត្រយើង នៃប្រជាជាតិយើង…”៕

កុលបុត្រ

facebook