facebook
facebook

សុខ សោម៉ាវត្តី ចង់លេងឲ្យអស់ដៃដូចឌុច លីដា ដែរ តែខ្លាចមេ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | 140 | 0 | ម៉ោង 10:48 am

សុខ សោម៉ាវត្តី ដែលតាំងពីចូលសិល្បៈ១១ឆ្នាំ មិនដែលហ៊ានប្រថុយលេងឈុតស្នេហារោលរាល ឬដោះអាវឱ្យគេឃើញស្បែកសាច់ ស្រាប់តែបណ្តោយឱ្យលោកអែនឌី ឱបថើបតាមចិត្ត ក្នុងបទ “នឹកបង៥០%ផង” របស់លោកអែនឌី នាំឱ្យមានការលេចឮថា សង្សារថ្មីរបស់នាង កីឡាករបាល់ទាត់លី វ៉ាហេទ ដែលជាខ្សែការពារក្លឹបបឹងកេត នោះ បានប្រចណ្ឌអ្នកមេម៉ាយស្បែកសាច់សខ្ចីរូបនេះខ្លាំង និងបានព្រមានតារាកូន១រូបនេះ ដាច់ខាតគឺមិនឱ្យថតឈុតរោលរាលនោះទៀតឡើយ។

ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ សុខ សោម៉ាវត្តី ថា នាងមិនហ៊ានសិចស៊ីលើសនេះឡើយ ព្រោះខ្លាចប៉ុស្តិ៍បាយ័ន កុំអីនាងលេងមួយអស់ដៃតែម្តង។ អ្នកមេម៉ាយដែលមានរូបសម្រស់មិនចាញ់ក្រមុំរូបនេះ ថ្លែងថា “នេះមិនមែនជាលើកទី១ទេ ដែលខ្ញុំថតសិចស៊ីនោះ កាលពីមុនៗ ធ្លាប់ថតខ្លះៗដែរហ្នឹង។ និយាយទៅ បើពន្លែងអស់មិនដឹងម៉េចទេ ក្នុងបទជាមួយលោកអែនឌី នោះ តែខ្ញុំមិនហ៊ានលើសនេះទេ ព្រោះខ្លាចប៉ុស្តិ៍បាយ័ន ដែរ។ លោកអែនឌី ក៏មិនបានកេងចំណេញអីលើខ្ញុំដែរ ដូចដឹងហើយថា គ្រាន់តែជាការសម្តែងប៉ុណ្ណោះ”។

មិនមែនមានតែសុខ សោម៉ាវត្តី ម្នាក់ទេ ដែលមិនហ៊ានថតសិចស៊ីនោះ គឺពិធីការិនីដទៃទៀតរបស់ប៉ុស្តិ៍បាយ័ន ក៏មិនហ៊ានថតដោះអាវអស់ដែរ ព្រោះខ្លាចថ្នាក់ដឹកនាំហៅទៅព្រមាន ពិសេស គឺស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន គឺកាន់តែមិនហ៊ានប្រថុយក្នុងការថតដោះអាវតែម្តង បើទោះជាបានតម្លៃខ្លួនខ្ពស់ប៉ុនណាក៏ដោយ។

ប្រភពបានឱ្យដឹងថា ក្រោយលេងឈុតស្នេហាយ៉ាងស្រើបស្រាលក្នុងបទថ្មីមក សុខ សោម៉ាវត្តី ត្រូវបានបណ្តាផលិតករមួយចំនួន ហៅនាងឱ្យថត ដូចឌុច លីដា ដែរ តែត្រូវបានអ្នកមេម៉ាយកូន១រូបនេះ ប្រកែកថា មិនហ៊ានធ្វើដូចលីដា ទេ ព្រោះខ្លាចមេនៅប៉ុស្តិ៍បាយ័ន ហៅទៅស្តីបន្ទោស។

សុខ សោម៉ាវត្តី ដែលតាំងពីលែងប្តី លោកទូច ដាណារ៉ា ហៅពេជ្រ កូនប្រុសអតីតស្នងការរាជធានីភ្នំពេញ មក តារាដែលនៅតែមានទីផ្សារល្អក្នុងសិល្បៈរូបនេះ មានមន្ត្រីធំៗតាមត្រងស្នេហ៍ដល់ផ្ទះ ដែលក្នុងនោះ មានទាំងលោកផ្កាយ២ម្នាក់ផងដែរ ដែលព្យាយាមចង់ព្យាបាលរបួសបេះដូងមេម៉ាយកូន១នេះ។ ប៉ុន្តែគួរឱ្យស្តាយ សោម៉ាវត្តី មិនចាប់អារម្មណ៍នឹងតំណែងជំទាវឡើយ គឺនាងបែរជាមកស្នេហាប្រុសក្មេងលេងបាល់ទាត់ លី វ៉ាហេទ ទៅវិញ ទើបធ្វើឱ្យលោកធំនោះខកចិត្តជាខ្លាំង ព្រោះថា លោកមានទឹកលុយ និងសម្ភារៈគ្រប់បែបយ៉ាងជូនវត្តី ឱ្យតែនាងត្រូវការ តែបែរជាមិនអាចដណ្តើមបេះដូងអ្នកមេម៉ាយរូបនេះ ពីប្រុសក្មេងបានទៅវិញ។

ប្រភពបានឱ្យដឹងថា សង្សារថ្មីសោម៉ាវត្តី លោកវ៉ាហេទ ពេលនេះបានលេងស្ទីល “ស្រលាញ់មេ បំពេកូន” ព្រោះនៅមុនឆ្លងឆ្នាំសកលនោះ ប្រុសក្មេងរូបនេះបានទិញកាដូជូនកូនស្រីវត្តី ឈ្មោះចាស្មីន ធ្វើឱ្យវត្តី រំភើបនិងសរសើរ ពីទឹកចិត្តកីឡាកររូបនេះជាខ្លាំងថែមទៀតផង ដែលមិនយូរទេ គេជឿថា ពួកគេនឹងដឹកដៃគ្នាចូលរោងការជាមិនខាន។ ប៉ុន្តែ រឿងរ៉ាវស្នេហាសុខ សោម៉ាវត្តី និងលោកវ៉ាហេទ នៅពេលដែលត្រូវបានអ្នកសារព័ត៌មានសួរ កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីសម្ពោធរឿង “មនុស្សឆ្កួត” នោះ ត្រូវបានវត្តី ព្យាយាមគេចវេះ មិនចង់ធ្វើអត្ថាធិប្បាយ ខណៈដែលខ្សែការពារក្លឹបបឹងកេត វ៉ាហេទ ដែលគិតតែមកការពារស្រីស្អាតជាងលេងបាល់នោះ ហាក់ភ័យខ្លាចក្នុងការឆ្លើយសំណួរអ្នកកាសែត ហើយមិនដែលចេញមុខបកស្រាយឡើយ។

យ៉ាងណា តាមព័ត៌មានថា ទោះជាពេលនេះ សុខ សោម៉ាវត្តី មានប្រុសក្មេងវ៉ាហេទ ជាបណ្តូលចិត្តក្តី តែពិធីការិនីរូបនេះនៅតែស្កាត់ជួបអតីតប្តីលោកទូច ដាណារ៉ា ដែលជាស្នងការរងខេត្តរតនគិរី នោះដដែល ទើបគេសង្ស័យថា អ្នកមេម៉ាយរូបស្រស់នេះ នៅមិនទាន់ដាច់អាល័យពីប្តីចាស់ទេ បើទោះជាពេលនេះ ពួកគេមានគូស្នេហ៍ថ្មីរៀងៗខ្លួនក្តី តែវត្តី បានប្រកែក ដោយអះអាងថា នាងនិងប្តី គឺគ្មានទំនាក់ទំនងស្នេហាគ្នាដូចមុនទៀតឡើយ គឺនៅរាប់អានគ្នាធម្មតាប៉ុណ្ណោះ។

សុខ សោម៉ាវត្តី បានរបូតងារជំទាវ ជាកូនប្រសាអ្នកធំ ក្រោយចំណងស្នេហ៍ជាមួយលោកពេជ្រ បានដើរដល់ទីបញ្ចប់ កាលពីឆ្នាំ២០១៤ ដោយការលែងលះក្រៅរបងតុលាការ។ សុខ សោម៉ាវត្តី បានគ្រាំចិត្តជាខ្លាំង ព្រោះក្រោយពេលនាងលែងប្តី បាត់បង់អ្វីៗសឹងគ្រប់យ៉ាង គឺភាពហ៊ឺហាដែលពីមុនធ្លាប់ជិះរថយន្តទំនើប មានកងអង្គរក្សការពារ ពិសេស សណ្ឋាគារតម្លៃរាប់លានដុល្លារ នៅក្រុងក្រចេះ ដែលជិតតែក្លាយជាកម្មសិទ្ធិរបស់នាងទៅហើយនោះ បានរបូតពីកណ្តាប់ដៃទៅវិញអស់ ព្រោះវត្តី រៀបការដោយមិនបានចុះអេតាស៊ីវិល ហេតុនេះហើយ បានជាមិនមានការបែងចែកទ្រព្យសម្បត្តិទេ។ ប្រភពបានឱ្យដឹងថា ទោះជាពេលនេះ សុខ សោម៉ាវត្តី មានប្រុសក្មេងវ៉ាហេទ តាមថ្នមចិត្ត និងបំពេបេះដូងទាំងយប់ថ្ងៃក្តី តែមានពេលខ្លះ អ្នកមេម៉ាយរូបនេះតុកស៊ិក ចូលក្លឹបផឹកស្រាតែម្នាក់ឯង ក៏មានដែរ ដែលអ្នកសិល្បៈរួមអាជីពសុទ្ធតែអះអាងថា តារារូបនេះនៅតែមានវិបត្តិស្នេហ៍ និងរបួសផ្លូវចិត្តដ៏ធ្ងន់ដដែល…៕

facebook